នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញបណ្តេញចេញពីតំណែងកាលពីថ្ងៃពុធ ទី១៤ ខែសីហា ពីបទបំពានក្រមសីលធម៌ក្នុងការតែងតាំង អតីតមេធាវីដែលបានជាប់ពន្ធនាគារ ១៦ ឆ្នាំមុន មកក្នុងគណៈរដ្ឋមន្ត្រីរបស់លោក។
សេចក្តីសម្រេចកាលពីថ្ងៃពុធ ក៏បញ្ចប់មុខតំណែងទាំងអស់ នៅក្នុងគណៈរដ្ឋមន្ត្រី ប៉ុន្តែក្រុមរដ្ឋមន្ត្រីទាំងនោះ នឹងបន្តក្នុងសមត្ថភាពរដ្ឋមន្ត្រីចាំផ្ទះ។ ឧបនាយករដ្ឋមន្ត្រី លោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) នឹងធ្វើជានាយករដ្ឋមន្ត្រីស្តីទី រហូតដល់នាយករដ្ឋមន្ត្រីថ្មី អាចត្រូវបានជ្រើសតាំងដោយសភាតំណាងរាស្រ្ត។
លោក ស្រេតថា បានប្រាប់អ្នកសារព័ត៌មាននៅឯវិមានរដ្ឋាភិបាលថា លោកគោរពសេចក្តីសម្រេចរបស់តុលាការ ទោះបីជាវាមិនមែនជាអ្វីដែលលោកបានសង្ឃឹមចង់បានក៏ដោយ។
![](https://www.amazadia.com/wp-content/uploads/2024/08/Sretha-2.jpg)
លោកស្រេតថា ថាវីស៊ីន និយាយថា លោកគោរពសេចក្តីសម្រេចរបស់តុលាការ ទោះបីលោកមិនចង់បានក៏ដោយ
លោក បានមានប្រសាសន៍ថា៖ “ខ្ញុំមិនមានសិទ្ធិអំណាចណាមួយនៅសេសសល់ទេ។ អំណាចឥឡូវនេះ ស្ថិតនៅជាមួយនាយករដ្ឋមន្ត្រីចាំផ្ទះ»។
លោក ស្រេតថា បាននិយាយថា បើសិន លោក ភូមិថាំ មិនអាចបន្តកាន់តួនាទីជាអ្នកចាំផ្ទះបានទេ ឧបនាយករដ្ឋមន្ត្រី ស៊ូរិយ៉ា ជួងរ៉ុងរឿងគីត (Suriya Juangroongruangkit )នឹងចូលកាន់តំណែងនោះ។
ខាងក្រោមនេះ ជាព័ត៌មានលម្អិតអំពីដំណើរការជ្រើសរើសអ្នកដឹកនាំថ្មី និងបេក្ខជនសក្តានុពល។
-ខុទ្ទកាល័យរដ្ឋមន្ត្រីថៃ នឹងទទួលតួនាទីជាអ្នកចាំផ្ទះ ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧបនាយករដ្ឋមន្ត្រី ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) ក្លាយជានាយករដ្ឋមន្ត្រីស្តីទី។
– គណបក្សទាំងឡាយ ត្រូវតែសម្រេចចិត្តថា ពួកគេនឹងតែងតាំងអ្នកណា និងបោះឆ្នោតឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ ដោយផ្អែកលើបញ្ជីបេក្ខជនដែលត្រូវបានបញ្ជូនមុនការបោះឆ្នោតឆ្នាំ ២០២៣ ។
– គេរំពឹងថា មិនមែនបេក្ខជនទាំងអស់ នឹងត្រូវបានដាក់មកនោះទេ ដោយទំនងជាមានការដោះដូរនឹងកើតមានឡើងរវាងបក្សនិងបក្ស ជាថ្នូរនឹងតំណែងគណៈរដ្ឋមន្ត្រី។
– ប្រធានសភា នឹងកោះប្រជុំសភានៅសភាជាន់ទាប ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបន្ទាប់។
– មិនមានច្បាប់ណាកំណត់ថា នៅពេលណាដែលសភាត្រូវកោះប្រជុំ ដើម្បីរៀបចំការបោះឆ្នោតទេ។
– ដើម្បីក្លាយជានាយករដ្ឋមន្ត្រី បេក្ខជនត្រូវការការគាំទ្រពីសមាជិកសភាជាន់ទាប ជាងពាក់កណ្តាលនៃសមាជិកសភាបច្ចុប្បន្នចំនួន ៤៩៣ នាក់ ឬ ២៤៧ សំឡេង។ បើសិនពួកគេខ្វះសម្លេង សភាត្រូវតែកោះប្រជុំម្តងទៀតនៅពេលក្រោយ ហើយដំណើរការបោះឆ្នោតឡើងវិញ ដោយមានឱកាសមួយ សម្រាប់បេក្ខជនផ្សេងទៀត ដែលត្រូវបានតែងតាំង។
– រដ្ឋាភិបាលចម្រុះ ១១ គណបក្សនេះ មាន ៣១៤ អាសនៈ នៅក្នុងសភាជាន់ទាប។
– នាយករដ្ឋមន្ត្រីថ្មី ត្រូវតែតែងតាំងគណៈរដ្ឋមន្ត្រី១ ដែលបន្ទាប់មកត្រូវបង្ហាញគោលនយោបាយរបស់ខ្លួនជូនសភា មុននឹងអាចចាប់ផ្តើមគ្រប់គ្រងបាន។
តើអ្នកណាអាចជាបេក្ខជននាយករដ្ឋមន្ត្រី?
– លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) វ័យ៣៧ឆ្នាំ ជាកូនស្រីរបស់មហាសេដ្ឋីមហាសេដ្ឋី នៃគណបក្សភឿថៃ គឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា។ លោកស្រី ក៏ជាមេដឹកនាំបក្ស ហើយត្រកូលស៊ីណាវ៉ាត្រាទី៣ នឹងអាចកាន់តំណែងកំពូលនេះ បើសិនត្រូវបានជ្រើសតាំងដោយសភា។
![](https://www.amazadia.com/wp-content/uploads/2024/08/Paetongtarn-Shinawatra.jpg)
លោកជំទាវ ផៃថងថាន ស៊ីណាវ៉ាត្រា ប្រធានាបក្សភឿថៃ ដែលឈ្នះសម្លេងទី២ ក្នុងការបោះឆ្នោត អាចជាបេក្ខនារីនាយករដ្ឋមន្ត្រីបន្ទាប់
-លោក ឆៃកាសេម នីទីស៊ីរី (Chaikasem Nitisiri) អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាមន្ត្រីឈរជើង គណបក្សភឿថៃ។
-លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រី ដែលបានជំរុញដោយជោគជ័យ នូវសេរីភាវូបនីយកម្មនៃការប្រើកញ្ឆានៅប្រទេសថៃ។ គាត់ គឺជាមេដឹកនាំគណបក្សភូមិចៃថៃ ដែលជាដៃគូធំទីពីរ នៅក្នុងរដ្ឋាភិបាលចម្រុះ។
– រដ្ឋមន្ត្រីក្រសួងថាមពល ភីរ៉ាផាន់ សាលីរ៉ាថាវីផាកា (Pirapan Salirathavibhaga) អតីតរដ្ឋមន្ត្រីយុត្តិធម៌ ដែលដឹកនាំគណបក្ស ថៃរក្សាជាតិ អភិរក្សនិយម។
– លោក ប្រាវីត វង់សុវណ្ណ (Prawit Wongsuwan) អតីតមេទ័ពដ៏មានឥទ្ធិពល ដែលដឹកនាំគណបក្ស ប្រាឡាង ប្រជារាស្ត្រ (Palang Pracharat) អភិរក្សនិយម និងយោធា។ អ្នកបង្កើតកិច្ចព្រមព្រៀងនយោបាយដ៏ល្បីឈ្មោះ ប្រាវីត បានជាប់ពាក់ព័ន្ធក្នុងរដ្ឋប្រហារ២ចុងក្រោយប្រឆាំងនឹងរដ្ឋាភិបាលត្រកូលស៊ីណាវ៉ាត្រា៕