មានខ្លឹមសារដ៏សំខាន់នៅក្នុងកម្មវិធីសិក្ខាសាលា គឺបង្វឹកអ្នកនិពន្ធ និងបណ្ណាធិការឱ្យយល់ដឹងពីតួនាទីរបស់ខ្លួន គឺជំនាញបណ្ណាធិការ លក្ខណៈពិសេសនៃការសម្រួលអក្ខរាវិរុទ្ធសារសំខាន់ និងតួនាទីរបស់អ្នកពិសោធអក្ខរ ព្រមទាំងយល់ច្បាស់ពីការរៀបចំត្រួតពិនិត្យឯកសារមុនពេលបោះពុម្ពផ្សាយ។
វាគ្មិនកិត្តយសនៅក្នុងកម្មវិធីនោះគឺ លោក ឃឹម ចន្ទសុអហំ អនុប្រធានសមាគមអ្នកនិពន្ធខ្មែរ ដែលលោកមានបទពិសោធន៍ផ្ទាល់ខ្លួនជាអ្នកនិពន្ធ ជាបណ្ណាធិការ អស់រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ចន្ទសុអហំ បានមានប្រសាសន៍ថា «ប្រទេសកម្ពុជាទើបតែមានការរីកចំរើន ជាង១០មកនេះ ហើយមានគ្រឹះស្ថានបោះពុម្ពជាច្រើនកំពុងតែបំពេញគោលដៅរៀងៗខ្លួន។»
លោក បានបន្ថែមថា ក្រៅពីគ្រឹះស្ថានបោះពុម្ពផ្សាយរបស់រដ្ឋគឺមានគ្រឹះស្ថានបោះពុម្ពផ្សាយដូចជា ថាម ប៊ុក យ៉ឃែរប៊ុក អវតា ដាំដើមជីវិត ម៉ាញប៊ុក ឯកសារខ្មែរហាតប៊ុក សាកលវិទ្យាល័យ ម៉េងលីជេគួច ស៊ីប៉ា កៅឡុង សៀវភៅសំឡេង។ល។និង។ល។ ចំពោះរបៀបបោះសៀវភៅអាននៅបរទេស គឺអ្នកនិពន្ធសរសេរចងក្រងរួចត្រូវយកទៅរោងពុម្ពដើម្បីសម្រេចបោះពុម្ព(បណ្ណាធិការបរទេសមានសមត្ថភាពក្នុងការសម្រេចបោះពុម្ពផ្សាយ)តែករណីដោយឡែកអ្នកនិពន្ធនៅប្រទសយើងភាគច្រើនរកទីផ្សារដោយខ្លួនឯងគ្រប់គ្រងដោយខ្លួនឯង ដើរតួជាបណ្ណាធិការផងជាអ្នក និពន្ធផងក្នុងពេលជាមួយគ្នា។
«នៅប្រទេសយើងទើបមានការរីកចម្រើនពីការបោះពុម្ពផ្សាយហើយអ្នកអានយើង ទើបមានការរីកចម្រើន។ ចំពោះគ្រឹះស្ថានបោះពុម្ពផ្សាយនៅបរទេសគេចាប់តាំងពីឆ្នាំ ១៩០៦ មកម៉្លេះ ដូចនេះ គ្រឹះស្ថានគេមានសមត្ថភាពត្រួតពិនិត្យកាបោះពុម្ពផ្សាយ»។ នេះបើតាមលោក ឃឹម ចន្ទសុអហំ។
អ្នកនិពន្ធ ទេស នាទី ដែលបានចូលរួមក្នុងសក្ខាសាលានោះបានសម្តែងការព្រួយបារម្ភថា កង្វះខាតរោងចក្រផលិតក្រដាស់គឺ ជាឧបសគ្គនៃការបោះពុម្ពផ្សាយនៅកម្ពុជា។ លោកស្រី ទេស នារី បានបញ្ជាក់ថា «ក្រដាសថ្លៃគឺជាចំណែកមួយរារាំងដល់មិត្តអ្នកអានដែរ គឺពួកគាត់គ្មានលទ្ធភាពទិញសៀវភៅមកអាន។»
រោងពុម្ពស្ទើរតែទាំងអស់កម្ពុជា បាននាំចូលក្រដាសបោះពុម្ពពីប្រទេសវៀតណាម ឬប្រទេសចិនដើម្បីបោះពុម្ពសៀវភៅអាន ឬ ឯកសារផ្សេងៗ។ ថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទិវាជាតិអំណានជាតិដើម្បីជំរុញ
វប្បធម៌អានសៀវភៅ ខណៈយុវជនភាគច្រើនមានទំនោរអានអត្ថបទ និងដំណឹងផ្សេងតាមបណ្តាញអ៊ីធឺណិតាមទូរស័ព្ទដៃ និងកំព្យូទ័រ។ ដើម្បីលើសស្ទួយវប្បធម៌តែងនិពន្ធ រាជរដ្ឋាភិបាល ក៏បានចេញអនុក្រិត្យ «ទិវាអ្នកនិពន្ធ» ដែលកំណត់ប្រារពនៅ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២៤ និងឆ្នាំបន្តបន្ទាប់ក្នុងបំណងជំរុញឧស្សាហកម្មបោះពុម្ពនៅកម្ពុជា។
សក្ខាកាមភាគច្រើនសង្ឃឹមថា ក្រុមអ្នកនិពន្ធ និងរោងពុម្ព បណ្ណាធិការ ហើយពលរដ្ឋកាន់តែមានឱកាសទទួលយកចំណេះដឹងតាមរយៈការអានសៀវភៅកាន់តែច្រើនឡើង ក្នុងបំណងជំរុញលើកកម្ពស់ស្នាដៃតែងនិពន្ធ ដើម្បីរួមចំណែកដល់ការអប់រំ លើកកម្ពស់វប្បធម៌សាសនា និងការយល់ដឹងអំពីអក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា៕